នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៤ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃ និងបទល្មើសការកាប់រានដីព្រៃដោយបានបញ្ជូនទៅតុលាការចំនួន៥៣៣ ករណី។
យោង តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ក្នុងចំណោមបទល្មើសចំនួន ៥៣៣ ករណីនោះ មានការឃាត់ខ្លួនជនជាប់ចោទ និងដកហូតវត្ថុតាងមួយចំនួនដូចជាឈើមូល ជ្រុងបាន៣៩៥,០៤៨ ម៉ែត្រគីប ឈើអារចំនួន៩១៧,៩៧១ ម៉ែត្រគីប ឈើក្រាក់ក្រញូងបានចំនួន៥២,០៣៨ម៉ែត្រគីបនិងដកហូតដីព្រៃឈើបានចំនួន១០១,៥៩១ហិកតាព្រមទាំងទាំងស្រង់ស្ថិតិដីព្រៃដែលបានកាប់រាន២២,៥០២ហិកតា ។
របាយការណ៍ដដែលនោះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ ខែនេះដែរ រដ្ឋបាលព្រៃឈើទទួលបានចំណូល ចូលរដ្ឋបាន ចំនួន២៨៩,២៧៥,១៥០,៨៩ រៀល និងផ្តល់សេវាសាធារណៈចំនួន៥៥៤៦៨៤១៨៣០រៀល។ គួរបញ្ជាក់ថា ឆ្នាំ២០១៣ កន្លងទៅរដ្ឋបាលព្រៃឈើទទួលបានចំណូល៦៣៣២២៦៧៤២៤០ រៀលស្មើនឹង២៩៥,២៧ភាគរយ នៃផែនការកើន ជាង ឆ្នាំ២០១២ចំនួន១៥៥,១៦០ ភាគរយដែលនៅឆ្នាំ២០១២ទទួលបានចំណូលតែ៣៣៤០៩,៤២៣,៨១១រៀល ។
ព្រៃឈើបានគ្របដណ្ដប់ជាង៧០%នៃផ្ទៃដីសរុប១៨០.០៣៥គីឡូម៉ែត្រការ៉េរបស់ប្រទេស កម្ពុជាកាលពីអំឡុង ទសវត្សរ៍ឆ្នាំ ១៩៦០ ក៏ប៉ុន្ដែការកាប់បំផ្លាញជាច្រើនទសវត្សរ៍ចុងក្រោយនេះបានធ្វើឲ្យ ព្រៃឈើនៅក្នុងប្រទេសនេះ ទទួលរងការ ហិនហោច យ៉ាងខ្លាំង ។
យោង តាមក្រុមមន្ដ្រីនៃអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ការបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា បង្កដោយការលួច កាប់ ដោយ ខុសច្បាប់ជាទ្រង់ទ្រាយពាណិជ្ជកម្មបង្កដោយការរានព្រៃសម្រាប់ការ ធ្វើកសិកម្មនិងសម្រាប់បង្កឡើង ដោយការផ្ដល់ដី សម្បទាន សេដ្ឋកិច្ច ។ ហើយការបាត់បង់ព្រៃឈើនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែល ពឹងអាស្រ័យនឹងអនុផល ព្រៃ ឈើ និងប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុផងដែរ ៕