ខេត្តព្រៃវែង ៖ ថៅកែឈើគ្រញូង ដ៏ល្បីល្បាញ និងជាមន្ត្រីកងរាជអាវុធហត្ថ ដ៏មានឥទ្ធិពលម្នាក់ នៅក្នុងខេត្តព្រៃវែង កំពុងធ្វើសកម្មភាព ដឹកឈើប្រណីតខុសច្បាប់ នាំចេញទៅប្រទេសវៀតណាម ទាំងតាមផ្លូវគោកនិងតាមផ្លូវទឹក យ៉ាងគគ្រឹកគគ្រេង នៅក្នុងទឹកដីខេត្តព្រៃវែង ដោយសារតែមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវ គ្នា នាំគ្នា បិទភ្នែកទទួលបានផលប្រយោជន៍ ពីក្រុមឈ្មួញ ។
ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងតំបន់ទន្លេលឿង ត្រង់ចំណុចព្រំប្រទល់ស្រុកពាម រក៍ និងស្រុកពាមជរ ខេត្តព្រៃវែង បានឲ្យដឹងថា ថ្មីៗនេះមានរថយន្ត យីឌុបខ្នាតយក្សដ៏ធំមួយ ជារថយន្តដដែលៗ បានដឹកឈើប្រណីតរាប់រយដុំ បង្កប់នៅពីក្រោមបាវស្រូវ យកទៅទម្លាក់ចុះទូក ដែលរង់ចាំរួចជាស្រេច បន្លំធ្វើដូចរថយន្តដឹកស្រូវ នៅចំណុចមាត់ទឹកក្បែរផ្ទះរបស់ ពួកគាត់ ជារៀងរាល់យប់។ ទូកដែលមកចាំ ទទួលដាក់ឈើប្រណីតទាំងនោះ គឺជាទូករបស់ជនជាតិវៀតណាម បានបើកមកចតចាំតាំងពីថ្ងៃ ដូចបានណាត់គ្នាទុកជាមុន រហូតដល់ម៉ោង ៨ទៅ៩ យប់ ទើបរថយន្តយីឌុប ដឹកឈើប្រណីតមកដល់ ដោយមានទាំងកម្មករមកចាំលើកដាក់ឈើ យ៉ាងគគ្រឹកគគ្រេង។
ពេលរថយន្តទៅដល់ភ្លាម ក្រុមកម្មករទទួលបានបញ្ជា សែងឈើដាក់ចុះទូកភ្លាម រហូតដល់ម៉ោង ១ទៅ២ រំលងអធ្រាត្រ ទើបរើឈើចុះ ទូកអស់ ទើបគេចាក់ស្រូវចូលទូក គ្របពីលើឈើទាំងនោះ ហើយបើកចេញទៅភ្លាមៗ ទាំងទូកនិងរថយន្ត ដោយមិនរង់ចាំឱ្យភ្លឺទាន់នោះទេ ។ ប្រជាពលរដ្ឋនៅតំបន់នោះ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ឈ្មួញដឹកឈើប្រណីត យ៉ាងគគ្រឹកគគ្រេង រៀងរាល់យប់បែបនេះទៅហើយ ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយ ចុះទៅបង្ក្រាបសោះ គឺនាំគ្នាដេកលក់ឱ្យស្ងាត់ឈឹងតែម្តង ទំនងជាត្រូវថ្នាំរបស់ឈ្មួញម្ចាស់ ឈើ ទាំងនោះអស់ហើយក៏មិនដឹង ? ។សមត្ថកិច្ចតូចតាចមួយចំនួន បានបង្ហើបឱ្យដឹងថា ឈើប្រណីតទាំងនោះ គឺជារបស់មន្ត្រីកងរាជអាវុធហត្ថ ដ៏មានឥទ្ធិពលម្នាក់នៅខេត្តព្រៃវែង ដែលគេដឹងជាទូទៅថា មន្ត្រីម្នាក់នោះគឺជាថៅកែឈើគ្រញូង ដ៏ល្បីល្បាញនៅក្នុងខេត្តព្រៃវែង ហើយភាពល្បីរបស់មន្ត្រីម្នាក់ នោះ គឺដោយសារតែ គេពូកែរត់ការបិទមាត់ សមត្ថកិច្ចនិងមន្ត្រីជំនាញ មិនឲ្យឮមាត់ឮក ពីការរកស៊ីដឹកឈើខុសច្បាប់។ សង្ឃឹថាព័តិមាននេះនឹងអាចជួយលោករដ្ខមន្ត្រីក្រសួងកសិកម្មបានជ្រាបជាមិនខាន៕