លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមថា គាប់ជួនណាស់យើងនៅខ្វះតែ៤៧ ថ្ងៃ រាប់ថយក្រោយទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ ដូច្នេះការរៀប ចំការប្រកួត របស់យើងនាឱកាសនេះគឺអាចនិយាយបានថា ជាផ្នែកមួយជួយបង្ហាញនូវ ការគាំទ្រ ព្រឹត្តិការដ៏អស្ចារ្យ របស់ជាតិយើង នាពេលខាងមុខ ហើយក៏ជាការរួមចំណែក បង្ហាញនូវការរីកចម្រើនលើវិស័យកីឡា បាល់ទាត់កម្ពុជាបន្ទាប់ពីបានចាប់ផ្តើមឡើងដោយបាតដៃទទេ ក្រោយរបប ៣ឆ្នាំ ០៨ខែ និង ២០ថ្ងៃ ដែលការរីកចម្រើនទាំងនេះ ក៏ដោយសារមានការដឹកនាំ ដ៏ឈ្លាសវៀងវៃ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ។ជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ មានកិត្តិស័ព្ទ ល្បាញល្បីលើពិភពលោក ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ដែលបានកើតឡើង នាពេលថ្មីៗនេះ សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើននិងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស ទើបយើងមានឱកាស រៀបចំកម្មវិធី ជួបជុំផ្សេងៗជាថ្មី ឡើងវិញយ៉ាងសប្បាយរីករាយ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយគារវភក្តី ដ៏ស្មោះអស់ពីដួងចិត្ត ប្រកាសគាំទ្រ យ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាល ទី៧នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត់៕