ភ្នំពេញ: ជម្លោះនៅរោងចក្រកាត់ដេរ SL នៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកើត ឡើង ជាង ៣ ខែមកហើយ ដែល ក្រុមកម្មករ ទាមទារឲ្យមានការដកប្រធានរដ្ឋបាលរោងចក្រចេញ រួមទាំងលក្ខខណ្ឌ ជាច្រើន ទៀត ។
ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះក្រុមកម្មកររោងចក្រកាត់ដេរ SL រាប់រយនាក់ ដែលបានដើរហែក្បួន ទៅសុំអន្តរាគមន៍ ពី សម្តេចហ៊ុនសែន នៅផ្ទះរបស់សម្តេច នៅវិមានឯករាជ្យ បានប៉ះទង្គិចជាមួយនឹងក្រុមសមត្ថកិច្ចប៉ូលិស នៅចំណុចស្ពាន ស្ទឹង មានជ័យ ។ ការប៉ះទង្គិចនោះ មានការគប់ដុំថ្មដាក់គ្នា ហើយក្រុមកម្មករ បានវាយឡានប៉ូលិសផងដែរ។ ឡានប៉ូលិស ១ គ្រឿង ត្រូវបានគេដុតឆេះ នៅមុខវត្តស្ទឹងមានជ័យ។
ប៉ូលិសមួយចំនួន ដែលបានប្រើអំពើហិង្សា វាយលើក្រុមកម្មករ បានរត់ចូលវត្តស្ទឹងមានជ័យ។ រីឯកម្មករជាច្រើនរយនាក់ បាន ហ៊ុំព័ទ្ធ ចាប់ប៉ូលិស។ ម៉ូតូប៉ូលិសជាច្រើនគ្រឿង ក៏ត្រូវកម្មករវាយកម្ទេច និងអូសយកទៅដុតចោល ជាមួយនឹងឡានប៉ូលិស ដែល កំពុងឆេះ ផងដែរ។
មិនទាន់មានរបាយការណ៍ពីការរងរបួស ក្នុងអំពើហិង្សា ខណៈដែលសមត្ថកិច្ចប៉ូលិស បានព្យាយាម រាំងផ្លូវ មិនឲ្យក្រុមកម្មករ ហែក្បួនចូលភ្នំពេញ ដើម្បីឆ្ពោះទៅផ្ទះសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ នៅឡើយទេ “៕